ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦, លោក ញ៉ុក ធាង ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាពឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង។ សិក្ខាសាលានេះដែរ ប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្តអគារ E និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) លោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ និងសៀមរាប ព្រមទាំងសមាជិក សមាជិកា សរុបចំនួនប្រមាណ ៣០០នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារដែលត្រូវបានជ្រើសរើស និងការអនុវត្តការងារក្នុងមុខតំណែងរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងការងារដែលមានការចុះហត្ថលេខាដោយផ្ទាល់ពីមន្រ្តី និងប្រធានអង្គភាពដែលជាយន្តការរួមមួយដែលមានលក្ខណៈបត់បែនប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយផ្តល់ឱកាសដល់មន្ត្រី និងប្រធានអង្គភាព ជួបពិភាក្សានិងព្រមព្រៀងគ្នាលើការបែងចែកការងារ លក្ខខណ្ឌការងារ នីតិវិធីក្នុងការត្រួតពិនិត្យលើការបំពេញការងារ វាយតម្លៃសមិទ្ធកម្មការងារជាប្រចាំ(១ខែ ឬ៣ខែ ឬ៦ខែ ឬ៩ខែ) និងចុងក្រោយបំផុត គឺការសម្រេចចិត្តរបស់ប្រធានអង្គភាពក្នុងការបន្ត ឬបញ្ចប់កិច្ចព្រមព្រៀងការងារ ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃសមិទ្ធកម្មរបស់មន្រ្តីម្នាក់ៗ។ ប្រធានអង្គភាពនីមួយៗ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាលដើម្បីវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីម្នាក់រួមទាំងការផ្តល់ការលើកទឹកចិត្តប្រចាំខែ និងប្រចាំឆ្នាំ។